លោកសាស្ត្រាចារ្យ Derk-Jan Dijk មកពីមជ្ឈមណ្ឌលស្រាវជ្រាវដំណេកនៃសាកលវិទ្យាល័យ University of Surrey ប្រទេសអង់គ្លេសបានថ្លែងថា៖ «យើងបានរកឃើញហ្សែនប្រហែលជា ៦ភាគរយមាន Circadian rhythm (ដំណើរការជីវសាស្ត្រដែលបង្ហាញពីការប្រែប្រួលជីវកាលសាស្ត្រជុំវិញពេលវេលា២៤ម៉ោង) ។ នេះមានន័យថា សកម្មភាពរបស់ហ្សែនទាំងនោះបានកើនឡើងខ្ពស់ជាងពេលធម្មតា» ។
រាងកាយរបស់មនុស្សត្រូវគេជឿថា មានផ្ទុកហ្សែនប្រហែលជា២៤០០០ ហើយក្នុងនោះជាង១៤០០អាចនឹងមានការប្រែប្រួលនៅពេលមានការផ្លាស់ប្តូរទម្លាប់ដំណេក ។ លោកសាស្ត្រាចារ្យ Dijk បានថ្លែងថា ដោយការបង្អាក់រារាំងដល់ដំណេក ពួកយើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរដំណើរការម៉ូឡេគុល ។ លទ្ធផលលើកនេះគឺបានជួយឱ្យយើងយល់ដឹងពីផលអវិជ្ជមានចំពោះសុខភាពពាក់ព័ន្ធនឹងការងារប្តូរវេនពេលយប់ ។
ដោយឡែក ការសិក្សាស្រាវជ្រាវផ្សេងមួយទៀតបានបង្ហាញថា ការងារប្តូរវេនពេលយប់បង្កើនហានិភ័យកើតមានជំងឺមហារីក ជំងឺបេះដូង (ពេលមានបញ្ហាផ្លូវចិត្ត) ជំងឺបាក់ស្បាត ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងការធាត់លើសទម្ងន់ដល់ទៅ៣ដង ។ វេជ្ជបណ្ឌិត Simon Archer អ្នកដឹកនាំការសិក្សាបានថ្លែងថា ជាង៩០ភាគរយនៃហ្សែនបានបែកចេញពីគ្នាពេលមានដំណេកខុសម៉ោងពេល ៕